(ខេត្តព្រះវិហារ )២៣.០១.២០២៥
ពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិជាំក្សាន្ត.ឃុំជាំក្សាន្ត.ស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលជាប្រជាកសិករបានត្អូញត្អែររៀបរាប់ឱ្យដឹងថា នាពេលបច្ចុប្បន្ននេះបន្ទាប់ពីរដូវធ្វើស្រែចំការត្រូវបានបញ្ចប់ ពួកគាត់ក៏បាននាំគ្នាដើរ រកអាឈើក្រាក់ដែលសេសសល់ពីភ្លើងឆេះហើយដួលរលំនៅក្នុងព្រៃក៏ដូចជានៅតាមដីស្រែចម្ការរបស់គេដើម្បីយកមកលក់សម្រាប់ដោះស្រាយជីវភាពគ្រួសាររបស់ពួកគាត់នោះ គឺមានផលវិបាកខ្លាំងណាស់ ដោយសារតែមានបុគ្គលមួយចំនួនដែលអះអាងថាខ្លួនជាអ្នកធ្វើការខាងនេះខាងនោះ មកគោះទារលុយទាកាក់ពីពួកគាត់នៅពេលដែលពួកគាត់ដឹកឈើក្រាក់បង្គោលរបងតាមផ្លូវជាតិម្ដងៗនោះ។
ពលរដ្ឋដែលជាអ្នករក្រាក់ដើម្បីលក់យកប្រាក់កម្រៃចិញ្ចឹមជីវភាពគ្រួសារបានបន្តឲ្យដឹងទៀតថា ចំពោះអ្នកដែលដើរមកទារលុយពីពួកគាត់នោះ បានអះអាងថា ខ្លួននៅផ្នែកខាងនេះ ផ្នែកខាងនោះ ហើយនៅពេលដែលពួកគាត់សុំមើលកាកក៏ដូចជាលិខិតបេសកកម្ម អ្នកដែលបានមកទារលុយរបស់ពួកគាត់ទាំងនោះ គឺមិនឃើញបង្ហាញអត្តសញ្ញាណឲ្យពួកគាត់បានឃើញនោះឡើយ។
ហើយម្យ៉ាងវិញទៀតក៏មានអ្នកព័ត៌មានមួយចំនួនតូច មកគោះ.មកគាបសង្កត់ដើម្បីទារលុយពីពួកគាត់នោះផងដែរ ក៏ប៉ុន្តែបើពួកគាត់គ្មានលុយឲ្យគេនោះទេ ត្រូវបានគេគំរាមកំហែងដោយប្រើពាក្យមិនសមរម្យមកលើពួកគាត់ថែមទៀតផង។
ពលរដ្ឋដែលជាអ្នកដើររកអាឈើអុសក្រាក់លក់ដើម្បីបានប្រាក់ចិញ្ចឹមជីវភាពក្រុមគ្រួសារនោះ បានបញ្ជាក់បន្ថែមទៀតថា ឈើអុសក្រាក់មួយដើមដែលពួកគាត់រកបាន គឺគាត់លក់ក្នុងមួយដើមតម្លៃបានតែ4000 រៀលទៅ 5000 រៀលតែប៉ុណ្ណោះទេ។ ហើយឈើដែលពួកគាត់រកនោះក៏មិនមានខុសទៅហ្នឹងលក្ខខណ្ឌនៃច្បាប់រដ្ឋបាលព្រៃឈើនោះដែរ ព្រោះជាអនុផលព្រៃឈើដែលសេសសល់ពីភ្លើងព្រៃឆេះ ហើយបើទុកចោលក៏ត្រូវភ្លើងឆេះអស់ដដែលនិង។ ដូច្នេះពួកគាត់ត្រូវតែខំនាំគ្នារកប្រាក់ដើម្បីបានបង់ធនាគារខ្លះ និង សម្រាប់ទុកផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារខ្លះ ដោយសារតែដំណាំផ្សេងៗដែលពួកគាត់បានអាស្រ័យផលគឺមានការធ្លាក់ថ្លៃចុះដូចជាដំឡូងមុី និង ស្រូវនោះផងដែរ។
ពលរដ្ឋដែលរស់នៅក្នុងភូមិ.ឃុំ.ស្រុក.ខេត្តខាងលើសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីមានសមត្ថកិច្ចអាជ្ញាធរក្នុងខេត្តគោរពលំដាប់ថ្នាក់ទាំងអស់ មេត្តាចុះជួយពិនិត្យមើលទៅលើក្រុមអ្នកសារព័ត៌មានមួយចំនួនតូច ក៏ដូចជា តាមជួយពិនិត្យមើលមន្ត្រីខិលខូចមួយចំនួនឲ្យគាត់ផង។ បើមិនដូច្នោះទេជីវភាពរស់នៅរបស់ពួកគាត់និងប្រឈមមុខជាមួយភាពខ្វះខាតជាក់ជាមិនខានឡើយ។
លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្តបានប្រាប់ឲ្យ អ្នកយកព័ត៌មានយើងដឹងនៅថ្ងៃហួសទី 23 ខែមករាឆ្នាំ 2025 នេះថា ទាក់ទងទៅនឹងបញ្ហានេះ ក្នុងនាមលោកជាអភិបាលស្រុក លោកនឹងមានវិធានការជួយដល់ប្រជាពលរដ្ឋយើង និងលុបបំបាត់បាតុភាពអាសកម្មនានាដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋស្លូតត្រង់របស់យើង៕