ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបើកកិច្ចប្រជុំតម្រង់ទិសពង្រឹងសមត្ថភាព និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ដ្រី បច្ចេកទេសកសិកម្មឃុំ ពិសេសមន្ដ្រីកសិកម្មដែលទើបតែត្រូវបានតែងតាំងថ្មី ឱ្យចុះមកបំពេញ ការងារនៅតាមបណ្ដាឃុំនានា ក្នុងភូមិសាស្ដ្រខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក មិន ស៊ីថា អភិបាលរងខេត្ត ព្រះវិហារ។
ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា កិច្ចប្រជុំ នាពេលនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់មន្ត្រីបច្ចេកទេសកសិកម្មឃុំទាំងអស់ ទទួលបាននូវ ចំណេះដឹង និងជំនាញថ្មីៗ អំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុង វិស័យកសិកម្ម។ លើសពីនេះទៅទៀត ក៏មានឱកាសក្នុងការស្វែងយល់អំពីតួនាទី និងភារកិច្ច របស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្ម នៅមូលដ្ឋានឱ្យកាន់ តែរីកចម្រើន។
ជាមួយគ្នានេះដែរលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានគូសបញ្ជាក់ថា មន្ត្រីបច្ចេកទេសកសិកម្ម ឃុំ-សង្កាត់ ជាមន្ត្រីក្របខ័ណ្ឌស្ថិតនៅក្រោមនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មានភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗដូចជា៖ កំណត់បញ្ហាប្រឈមជាក់ស្តែង របស់កសិករ តាមស្ថានភាពតំបន់, រាយការណ៍បញ្ហាប្រឈមមកអង្គភាពជំនាញតាមឋានានុក្រម ដើម្បីដាក់ចេញនូវដំណោះស្រាយឱ្យបានទាន់ពេលវេលា, គាំទ្រដល់ការអនុវត្តដំណោះស្រាយ ដែលបានផ្តល់ជូនកសិករ, សម្របសម្រួលក្នុងគោលដៅផ្សារភ្ជាប់ និងពង្រឹងសហគមន៍កសិកម្ម ក្នុងខ្សែច្រវាក់ផលិតកម្មឆ្ពោះទៅទីផ្សារ និងប្រមូលស្ថិតិកសិកម្មជាដើម។
ដោយឡែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បាន លើកឡើងថា ក្នុងឆ្នាំ២០២៣ ខេត្តព្រះវិហារ មានមន្ត្រីបច្ចេកទេសកសិកម្មឃុំ ចំនួន ២១រូប ដែលបានប្រឡងជាប់ជាស្ថាពរ និងបានចូលបម្រើការងារនៅខែកុម្ភៈ ឆ្នាំ២០២៤។ ទន្ទឹមនេះ មន្ដ្រីបច្ចេកទេសកសិកម្មឃុំ ចំនួន ៣០រូបបន្ថែមទៀត ត្រូវបានចាត់ឱ្យមកបម្រើការងារ នៅតាម ឃុំ/សង្កាត់ របស់ខេត្តព្រះវិហារ ក្រោយពីបានប្រឡងជាប់ជាស្ថាពរកាលពីចុងឆ្នាំ ២០២៤ កន្លងទៅ និងបានចូលរួមក្នុងកិច្ចប្រជុំតម្រង់ទិសក្នុងឱកាសនេះ។
លោកបានបន្ដថា លទ្ធផលការងាររបស់មន្ត្រីបច្ចេកទេសកសិកម្មឃុំ ឆ្នាំ២០២៤កន្លងមក ពួកគេបានខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយឱ្យកសិករបានស្គាល់ និងដឹងពីវត្តមានមន្ត្រីកសិកម្ម ឃុំបានចំនួន ១៦,២៩៦នាក់, គ្រួសារកសិករសហការណ៍កម្មវិធីស្រែល្អ ៥២៨គ្រួសារ, គ្រួសារ កសិករបានសហការណ៍ឱ្យមន្ត្រីកសិកម្មឃុំសម្របសម្រួលទីផ្សារ បានចំនួន ២១៤គ្រួសារ ស្មើ និង ១,២៣៧តោន, សម្របសម្រួលចងក្រងក្រុមសមកាលកម្មបានចំនួន ២៥ក្រុម និង ដោះ ស្រាយបញ្ហាជូនកសិករបានចំនួន ២១៨ករណីផងដែរ៕