ខេត្តព្រៃវែង ៖ អំពើពុករលួយ របស់មេគយចល័តផ្លូវជាតិលេខ១ លោក ផែន ភឿន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ករណីនេះ លោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា មិនត្រូវមើលរំលងនោះឡើយ។
ការបែកធ្លាយនូវអំពើពុករលួយរបស់មេគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង នេះបន្ទាប់ពីបានប្រើអំណាចរបស់ខ្លួនចាប់រថយន្តដឹកផ្លែឈើពីវៀតណាម ទារលុយ២០លានរៀល មិនបានក៏ទុកផ្លែឈើឲ្យរលួយខូចអស់។ ហើយត្រូវបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការសព្វផ្សាយលាតត្រដាងកន្លងមក។
ជាក់ស្ដែងក្រុមអាជីវករ បានប្រាប់អ្នកសារព័ត៌មាន នៅមុខស្នាក់ការគយចល័តផ្លូវជាតិលេខ១ ដោយនិយាយ ថាគយចល័តខាងលើនេះចាប់រថយន្តដឹកផ្លែឈើ ជំរិតយកលុយ របស់ពួកគាត់ទាំងកំរោល។ ហើយពួកគាត់ក៏បានលើកឡើងថា ហ៊ានស្បថដាក់ជីវិត ហ៊ានឱ្យក្រឡាប់ឡាន និងរន្ទះបាញ់ស្លាប់តៃហោង ប្រសិនជាពួកគាត់និយាយបំភ្លើសខុសការពិត ប៉ុន្តែករណីនេះ មន្ត្រីគយបដិសេធថាមិនដឹងនោះទេ»។
ប្រភពពីអាជីវករ រាជធានីភ្នំពេញ បានបញ្ជាក់ថា ខ្លួនដឹកផ្លែ(គូលែន)ពីវៀតណាម ចូលមកខ្មែរ ក្នុង១ជើងដោយប្រើរថយន្តវ៉េអង គឺត្រូវបង់លុយឱ្យគយចល័តផ្លូវជាតិលេខ១ ចំនួន៣០ម៉ឺនរៀលយ៉ាងទៀងទាត់។
ប្រភពបន្តថា រថយន្តគាត់មានក្រដាសបង់ពន្ធពីព្រំដែន ក៏នៅតែបង់លុយចូលហោប៉ាវ គយចល័តចំនួន៣០ម៉ឺនរៀលដដែល គឺរាល់លើកតែម្ដង។
ក្នុងនោះប្រសិនជា មិនមានក្រដាសស្នាមពីព្រំដែនទេ គឺត្រូវបង់លុយចូលហោប៉ាវគយចល័ត ច្រើនណាស់ដល់រាប់លានរៀលក្នុង១ជើងៗ។ អាជីវកររូបនេះបានលើកឡើងទៀតថា រឿងបង់លុយ ចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ បានក្លាយទៅជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកខ្លួន គឺគ្មានអាជីវករណាម្នាក់គេចផុតឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យគាត់ហួសចិត្តខ្លាំងបំផុតនោះ គឺគយចល័ត តែងតែយកលុយពីអ្នកស្រីរាល់លើកសោះ ចុះហេតុអី? បែរជាចាប់រថយន្តដឹកផ្លែគូលែន របស់គាត់ នៅយប់ទី០៨ ខែមិថុនា ២០២១។ ពោលគឺចាប់រថយន្ត ចូលស្នាក់ការ រួចទារលុយចំនួន២០លានរៀល ទើបដោះលែងវិញ។ លុះអ្នកស្រីពុំមានលទ្ធភាពបង់លុយចំនួន២០លានរៀល តាមកំណត់ ជាហេតុនាំឱ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ ទុករថយន្តរួមនឹងផ្លែឈើឱ្យ នៅស្អុយក្នុងស្នាក់ការតែម្ដង បណ្ដាលឱ្យខាតទំនិញផ្លែឈើគាត់ អស់ប្រាក់ប្រមាណជា៥ម៉ឺនដុល្លារឯណោះ។
ក្រុមអាជីវករផ្សេងទៀត បានអះអាងថា ជារៀងរាល់លើកពួកខ្លួន តែងតែបង់លុយ ចូលហោប៉ៅមន្ត្រីគយចល័តផ្លូវជាតិលេខ១ យ៉ាងទៀងទាត់ ពោលគឺបង់តាមកំណត់ របស់មន្ត្រីគយ។ ខណៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានក្រដាសស្នាម ឬបង់ពន្ធចូលរដ្ឋអ្វីទេ ជាក់ស្ដែងហុចលុយឱ្យគយផ្ទាល់ដៃតែម្ដង។
ឆ្លើយតបនឹងការលើកឡើង របស់អាជីវក លោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ បានប្រាប់អ្នកសារព័ត៌មានថា រថយន្តដែលចាប់នៅក្នុងស្នាក់ការនោះ គឺមកពីមិនបានបង់ពន្ធ។ ចំពោះសំណួររឿងយកលុយ៣០ម៉ឺនរៀល ក្នុង១ឡានៗនោះ លោក ផែន ភឿន បានបដិសេធថា មិនដឹងនោះទេ។
ដោយឡែក លោក នី គឹមហួរ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ដែលនៅប្រចាំការ បានបដិសេធមិនបកស្រាយឡើយ ចំពោះរឿងលុយ៣០ម៉ឺនរៀលក្នុង១ឡាន។
ទោះជាយ៉ាងណាក៏ដោយ ក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿង បានដឹកទំនិញពីវៀតណាម ចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃ ដោយឆ្លងកាត់ផ្លូវជាតិលេខ១ តែងតែឈប់នៅមុខស្នាក់ការ ចូលបង់លុយ ជូនគយចល័តផ្លូវជាតិលេខ១ ជាប្រចាំមិនដែលខាន ជាហេតុនាំឱ្យលោក ផែន ភឿន ប្រមូលលុយបានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសរត់ពន្ធ ឬផាកពិន័យចូលរដ្ឋនោះឡើយ៕