ខេត្តរតនគិរី÷ ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលស្រុកកូនមុំចុះបង្ក្រាប ដោយមានការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចការដ្ឋានទី៩ ក្នុងក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ(វៀតណាម)ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
លោកវរសេនីយ៍ឯក ថេង ច័ន្ធធី អធិការដ្ឋាននគរបាលស្រុកកូនមុំ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងយើងបានធ្វើការឃាត់ខ្លួននោះ ខណ:ប្រើវិធានញុះញង់ ទើបកម្លាំងជំនាញគ្រឿងញៀន នៃអធិការបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសិរីមង្គល ចុះឃាត់ខ្លួនជនសង្ស័យ
ចំនួន៣មុខសញ្ញា
ទី១.ឈ្មោះ រស្មី វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ទី២.ឈ្មោះ ផាត បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
និងទី៣.ឈ្មោះ សា សាកី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកសិករ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រែកតាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បច្ចុប្បន្ន ធ្វើជាកម្មករក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ។
លោកថា ក្រោយឃាត់ខ្លួនបានដកហូតវត្ថុតាងរួមមាន÷
១. ម្ស៉ៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់តូច ក្នុងនោះ មាន៥កញ្ចប់ធំល្មម(ទម្ងន់មិនទាន់ថ្លឹង)
២. រថយន្តចំនួន ១គ្រឿង ម៉ាក កាមរីកូរ៉ូឡា ពាក់ស្លាកលេខភ្នំពេញ 2S-0029
៣. ម៉ូតូចំនួន ១គ្រឿង ម៉ាក wave
៤. កាំបិតចុងស្រួចចំនួន ១ផ្លែ
៥. ទូរសព្ទដៃ ម៉ាក ស្មាតហ្វូន ចំនួន ៣គ្រឿង -OppOចំនួន ១គ្រឿង – Vivoចំនួន ១គ្រឿង និងSulleចំនួន ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងឃាត់រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធីច្បាប់៕