(ខេត្តព្រះវិហារ)អាជ្ញាធរខេត្តព្រះវិហារនព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥កន្លងមកនេះបានរៀបចំពិធីអបអរសាទរទិវា វប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្រោមអធិបតីភាព លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន/អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបក៏បានអញ្ជើញចូលរួមនាឱកាសនោះដែរ។
មានប្រសាសន៍ក្នុងឱកាស លោក សុខ សាន្តតារ៉ា បានថ្លែងថាកម្មវិធីនាថ្ងៃនេះពិតជាមានអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ ព្រោះជាថ្ងៃប្រារព្ធទិវាវប្បធម៌ជាតិ សម្រាប់ប្រជាជនកម្ពុជា ក៏ដូច ជាប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារទាំងមូល។ លោកក៏បាន សម្តែងនូវការកោតសរសើរដ៏ស្មោះ និងសូម វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ កិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត របស់មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ទាំងអស់ ដែលបានចុះស្រាវជ្រាវ សិក្សាចងក្រង ការពារអភិរក្សនូវសម្បត្តិបេតិកភណ្ឌរូបី និងអរូបី ក្នុងមូលដ្ឋានខេត្តព្រះវិហារក្នុងការបង្កើតនូវស្នាដៃសិល្បៈថ្មីៗ ដោយឈរលើមូលដ្ឋានខឿនមរតកវប្បធម៌ជាតិក្នុងតំបន់ ដើម្បីចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយជារៀងរាល់ឆ្នាំ។ ជាពិសេសក៏មិនភ្លេចនោះដែរ នូវការលះបង់អស់កម្លាំង កាយចិត្តរបស់ កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងខេត្តព្រះវិហារ ក្នុងកិច្ចចូលរួមសហការអនុវត្ត គោលនយោបាយជាតិលើវិស័យវប្បធម៌ របស់រាជរដ្ឋាភិបាលដើម្បីអភិរក្ស និងអភិវឌ្ឍន៍ជាតិ ក្នុងគោលដៅប្រែក្លាយ ព្រះរាជាណាចក្រកម្ពុជា ក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយអរិយធម៌ជាតិខ្មែរ។
ឆ្លៀតក្នុងឱកាសនេះ លោក ក៏បានស្នើរឲ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ បន្តកិច្ចខិតខំប្រឹងប្រែងកន្លងមកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយ បន្តជំរុញកិច្ចសិក្សាស្រាវជ្រាវរុករកស្ថានីយបុរាណ ដែលពុំទាន់បានចុះបញ្ជីរសារពើភណ្ឌដែលនៅសេសសល់ តាមទីដាច់ស្រយាល ក្នុងខេត្ត។បន្តសកម្មភាពចុះវាស់វែងគូសគំនូសប្លង់ សាលកប័ត្រកាន់កាប់ តាមទីទួល ស្រះ ត្រពាំង ស្ពាន និងប្រាសាទនានា នៅក្នុងខេត្ត ដើម្បីធ្វើប្លង់កម្មសិទ្ធិ។បន្តកិច្ចសិក្សាស្រាវជ្រាវរុករកចុះបញ្ជីរសារពើភណ្ឌ សមុច្ច័យ វត្ថុសិល្បៈបុរាណ នៅក្នុងនិងក្រៅឃ្លាំង និងតាមទីវត្ត អារាម។បន្តកិច្ចសិក្សាស្រាវជ្រាវរុករកចុះបញ្ជីរមរតកវប្បធម៌អរូបី ជាអាទ៍ ទំនៀមទម្លាប់ ប្រពៃណី របាំបុរាណ និងសិល្បៈហត្ថ កម្មជាដើម។បន្តពង្រីកកិច្ចសហប្រតិបត្តការណ៍ ជាមួយកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់ បទល្មើសបេតិកភណ្ឌ។និងបន្តពង្រឹងកិច្ចសហការណ៍ជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី ព្រមទាំងអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ លើការងារចុះកំណត់ព្រំដែនតំបន់ការពារស្ថានីយបុរាណដ្ឋាន ដើម្បីធ្វើប្លង់កម្មសិទ្ធិ ជៀសវាងការទន្ទ្រានពីសំណាក់ប្រជាពលរដ្ឋដោយកត្តាណាមួយ។ស,ដ