បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ជាជនជាតិថៃ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួននៅវេលាម៉ោង៤:២៥នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិនិមិត្ត៤ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ និត ចំប៉ាលឿង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដ មកស្នាក់នៅភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយបានធ្វើសកម្មភាពលក់ចែកចាយនូវសារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួន ។
លោកអធិការបានបញ្ជាក់ថា ៖ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបានឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនប្រភេទម្សៅពណ៌សក្រាម ចំនួន៧កូនថង់តូច ដែលជនសង្ស័យលាក់ទុកសម្រាប់ចែកចាយ ។ចំពោះលទ្ធផលដែលកម្លាំងនគរបាលក្រុងប៉ោយប៉ែត អនុវត្តទទួលបានជោគជ័យនេះ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងតែឲ្យកម្លាំងនគរបាលក្រុង ស្រុក និងវរសេនាតូចការពារព្រមដែនគោក ត្រូវធ្វើការស៊ើបអង្កេតស្រាវជ្រាវនូវបទល្មើសគ្រឿងញៀន ចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំឲ្យដូចជាភ្លៀងរលឹម ។បច្ចុប្បន្នជនសង្ស័យឈ្មោះ និត ចំប៉ាលឿង និងវត្ថុតាងថ្នាំញៀន កម្លាំងជំនាញកម្លាំងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ: ម៉ាណែត