ខេត្តកណ្តាល ៖ មុខសញ្ញាជួញដូរម្នាក់និង៦នាក់ទៀតជាអ្នកដឹកជញ្ជូនគ្រឿងញៀននាក់ត្រូវបាននគរបាលស្រុកពរថញាឮបង្ក្រាបនិងឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខណៈកំពុងធ្វើការប្រើប្រាស់និងជួញដូរជាក់ស្តែង៖ លោកវរៈសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានប្រាប់ឱ្យដឹងថា ជន សង្ស័យទាំង៧នាក់ ដែលត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៤០នាទី រសៀលថ្ងៃទី១៧ មិថុនា ២០២១ នៅផ្ទះរបស់ ទុំ សុផែន ស្ថិតក្នុងភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ រួមមាន ទី១ ឈ្មោះ ទុំ សុផែន ភេទប្រុស អាយុ ១៧ឆ្នាំ ជាកម្មករផ្សារដែក ជាអ្នកជួញដូរ និងផ្តល់ទីតាំង និងប្រើប្រាស់ ២-ឈ្មោះ សុខ ដាវីត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ ជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ជាអ្នកជួញដូរ និង ប្រើប្រាស់ ទី៣ឈ្មោះ ជេ ដេវីន ភេទប្រុស អាយុ ១៥ រស់នៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ទី៤ ឈ្មោះ រស់ ដារ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ ជាជាងសោរ ទីលំនៅភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ទី៥ ឈ្មោះ ហួន ចំរ៉ុង ភេទប្រុស អាយុ ១៦ ឆ្នាំ នៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ ទី៦ ឈ្មោះ អឿន ជីង ភេទប្រុស អាយុ ១៦ឆ្នាំ ជាកម្មករដេប៉ូសាំង ទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ និង៧ឈ្មោះ ម៉ៅ ឆៃយ៉ា ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮ ជាអ្នកសមគំនិត ជួញដូរគ្រឿងញៀន ។
លោកអធិការបានបន្តថា ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថា មានមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរ និង ប្រើប្រាស់គ្រឿងញៀននៅចំនួនផ្ទះរបស់ឈ្មោះ ទុំ សុផែន កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលជ្រៃលាស់បានចុះទៅដល់កន្លែង និងធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សុខ ដាវីត បានសារភាពថា ថ្នាំញៀន គឺជារបស់ខ្លួនពិតមែន ។ ហើយថ្មាំញៀននេះគឺទិញមកពីឈ្មោះ ង៉ូវ ភេទប្រុស អាយុប្រហែល ២០ ឆ្នាំជាង នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ យកមករំលែកច្រកជាកញ្ចប់តូចៗ លក់បន្តក្នុងតម្លៃ២០០០០៛ ក្នុងមួយកញ្ចប់ ហើយរយៈពេលពីរ ទៅបី ថ្ងៃទៅទិញម្តង ។
ចំណែកជនសង្ស័យទាំង ០៦ នាក់ទៀត ពិតជាធ្លាប់ជួយដឹកជញ្ជូន ចាត់ចែងយកថ្នាំញៀនទៅលក់ឲ្យគេ ដើម្បីជាថ្នូរបានថ្នាំញៀនប្រើប្រាស់ខ្លួនឯង ។
រីឯជនសង្ស័យឈ្មោះ ទុំ សុផែន ជាម្ចាស់ផ្ទះបានផ្តល់ទីតាំងផ្ទះរបស់ខ្លួន និង ចូលរួមធ្វើសកម្មភាពជួញដូរ ប្រើប្រាស់គ្រឿងញៀន ។ បច្ចុប្បន្នជនសង្សយ័ និងវត្ថុតាង រួមមាន សារធាតុញៀនមេតំហ្វេតាមីន(ice)ប្រភេទម៉ាទឹកកក ចំនួន ១៥ កញ្ចប់ ទម្ងន់ ២,៣៤ ក្រាម ទូរសព្ទ័ ០៣គ្រឿង ឧបករណ៍វិចខ្ចប់ និង ប្រើប្រាស់សារធាតុញៀនមួយចំនួន ម៉ូតូ ០៣ គ្រឿង និងដាវ ចំនួន ០២ ដើម ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់៕(ដោយសារិទ្ធ)