ឆ្លងភ្លើងឆ្នាំងដាំបាយអគ្គិសនីចាស់បណ្តាលឲ្យឆក់ស្លាប់
បុរសម្នាក់បានស្លាប់សង្ស័យដោយសារឆក់ពីឆ្នាំងដាំបាយអគ្គិសនីដែលចាស់ និងឆ្លងចរន្ត។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា÷ ករណីមនុស្សស្លាប់នេះបានកើតឡើងនៅយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចក្រុមទី ២៦ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជុំវិញហេតុការណ៍នេះត្រូវបានស្ត្រីជាប្រពន្ធជនរងគ្រោះឈ្មោះអន សារុំ អាយុ៣៧ឆ្នាំ អះអាងថា÷ នៅវេលាកើតហេតុខ្លួន និងប្ដីបានរាយខ្សែភ្លើងចេញពីផ្ទះបាយទៅខាងក្រោយផ្ទះដើម្បីបូមទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយខ្លួននៅខាងក្រៅ ចំណែកឯប្ដីនៅខាងក្នុង ជាមួយគ្នានោះប្តីរបស់គាត់ក៏បានបោះខ្សែភ្លើងឲ្យគាត់តាមបង្អួច រួចក៏ស្ងាត់ឈឹងមិនមានសកម្មភាពបន្តទៀត ទោះជាគាត់សួរនាំក៏ដោយ មិនអស់ចិត្តគាត់ក៏ដើរទៅមើលស្រាប់តែឃើញប្តីដួលទ្រោបពីលើឆ្នាំងដាំបាយអគ្គិសនីដែលចាស់និងកំពុងដោតភ្លើងដាំបាយឆក់ស្លាប់បាត់ទៅហើយ។
អ្នកស្រីបន្ថែមថា÷ ឆ្នាំងដាំបាយអគ្គិសនីដែលចាស់របស់គាត់នេះកន្លងមកក៏ធ្លាប់ឆក់គាត់ម្តងដែរប៉ុន្តែសំណាងមិនមានគ្រោះថ្នាក់។
ករណីខាងលើភ្លាមៗសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុរួចពិនិត្យធ្វើកោលស្យវិច្ច័យបញ្ជាក់ថាជនរងគ្រោះពិតជាបានឆក់ចរន្តអគ្គិសនីប្រាកដមែន ហើយបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕