ចុះស្តារប្រឡាយដែលមានស្មៅ និងដើមឈើកកស្ទះផ្លូវទឹក រលំដីច្រាំងសង្កត់ស្លាប់
បុរសម្នាក់បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណ:នាំគ្នាចុះស្តារប្រឡាយដែលគោករាក់មានស្មៅ និងដើមឈើកកស្ទះផ្លូវទឹក។
នគរបាលការិយាល័យជំនាញខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ គ្រោះថ្នាក់ដោយចៃដន្យនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ នៅត្រង់ចំណុចក្រុមទី ០៩ ក្នុងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ជនរងគ្រោះជាប្រជាពលរដ្ឋឈ្មោះផេង ផាន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ពេលកើតហេតុភ្លាមៗត្រូវបក្សពួកស្ទុះស្ទារត់ទៅជួយសង្គ្រោះដែរ ប៉ុន្តែដោយសារអ្នកជំងឺមានសភាពធ្ងន់ធ្ងរពេកក៏បានស្លាប់តែម្តងខណ:បញ្ជូនដល់មណ្ឌលសុខភាពឃុំបាសាក់ ស្រុករុក្ខគីរី។
ប្រភពដដែលបញ្ជាក់ថា÷ មុនពេលកើតហេតុជនរងគ្រោះ ជាមួយនឹងប្រជាកសិករឯទៀតមានគ្នាប្រមាណជា ១០នាក់បាននាំគ្នាចុះស្តារប្រឡាយដែលមានដីបាក់ចូលដើម្បីអោយទឹកហូរបានលឿន ប៉ុន្តែពេលដែលកំពុងកាយស្តារស្រាប់តែបាក់ដីអូរមួយចំណែកធំសង្កត់ពីលើជនរងគ្រោះបណ្តាលឈ្លក់ទឹក និងសំពាធដីធ្ងន់ពីលើផងទើបជួយសង្គ្រោះមិនបាន៕