ព្រះវិហារ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដោយលោក ធុច បញ្ចសន្តិភាព ជំនួសលោក ទី សុវិនថាល់។ ពិធីនេះក៏មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក ធុច បញ្ចសន្តិភាព ដែលត្រូវបានចូលកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាលតុលាការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារដែលបានចូលរួម ចំណែកយ៉ាងសកម្មក្នុងកិច្ចការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់នានា។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ដែលបន្តចាត់ទុក «ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌» នៅតែជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល និងត្រូវបានកំណត់ជាវិធានការគន្លឹះទី៥ ក្នុងចំណោមវិធានការគន្លឹះទាំង៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលត្រូវសម្រេចឱ្យចេញជាលទ្ធផលជាក់ស្តែងនៅក្នុងនីតិកាលទី៧នេះ។
ឧបនាយករដ្ឋមន្ត្រី បានថ្លែងណែនាំ និងផ្តាំផ្ញើលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារថ្មី និងមន្ត្រីក្នុងវិស័យយុត្តិធម៌ទាំងអស់នូវកិច្ចការមួយចំនួនដូចខាងក្រោម៖
ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន និងអភិក្រម ទាក់ទងនឹងការកែទម្រង់ទាំង៤ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ «ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់» ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។
ត្រូវបន្តចូលរួមឱ្យបានសកម្ម និងផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ប្រកបដោយឆន្ទៈមោះមុត, ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តយុទ្ធនាការទាំង២ ស្របតាមអភិក្រមដែលបានដាក់ ចេញនាពេលកន្លងមក សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ប្លន់, ក្មេងទំនើង ដើម្បីរួមចំណែកអនុវត្ត «គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេស ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដោយគោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ នៅក្នុងវិស័យយុត្តិធម៌។
ត្រូវរក្សាភាពមិនលំអៀង ដោយវៀរចាកអគតិទាំង៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និងបញ្ញាវុធវិនិច្ឆ័យ នៅពេលជំនុំជម្រះក្តី។
ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពធនធានមនុស្សជាប់ជាប្រចាំ តាមរយៈការពង្រឹងលើការសិក្សាស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីរាជការដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន, មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតដែលមានការពាក់ព័ន្ធផងដែរ៕ដោយ៖ ប្រាក់ សុភាស់